ការរៀបចំសម្រាប់ការណាត់ជួប ឬកិច្ចប្រជុំបកប្រែភាសាផ្ទាល់មាត់
ការរៀបចំបានល្អ ជួយឱ្យការណាត់ជួបបកប្រែភាសាផ្ទាល់មាត់ដំណើរការទៅដោយរលូន។ តាមរយៈការរៀបចំផែនការជាមុន និងការផ្តល់ព័ត៌មានត្រឹមត្រូវដល់អ្នកបកប្រែភាសាផ្ទាល់មាត់ (interpreter) របស់អ្នក អ្នកអាចជៀសវាងការយល់ច្រឡំ សន្សំសំចៃពេលវេលា និងបង្កើតបរិយាកាសវិជ្ជាជីវៈសម្រាប់មនុស្សគ្រប់រូប។
ផ្តល់ព័ត៌មានលម្អិតសំខាន់ៗ
ត្រូវប្រាកដថាអ្នកបកប្រែភាសាផ្ទាល់មាត់ដឹងពីកាលបរិច្ឆេទ ពេលវេលា ទីកន្លែង និងរយៈពេលដែលរំពឹងទុកនៃកិច្ចប្រជុំជាមុន។ រួមបញ្ចូលព័ត៌មានលម្អិតអំពីការចូលប្រើប្រាស់ដូចជាលេខបន្ទប់ ការណែនាំអំពីការចូលក្នុងអគារ ឬតំណភ្ជាប់សម្រាប់កិច្ចប្រជុំពីចម្ងាយ។ ការនេះជួយឱ្យវគ្គចាប់ផ្តើមទាន់ពេលវេលា និងដំណើរការយ៉ាងរលូន។
ជ្រើសរើសទម្រង់បកប្រែភាសាផ្ទាល់មាត់ត្រឹមត្រូវ (Consecutive Interpreting)
មុនពេលការណាត់ជួប សម្រេចចិត្តថាតើទម្រង់បកប្រែភាសាផ្ទាល់មាត់មួយណានឹងត្រូវបានប្រើប្រាស់ ពីព្រោះវាប៉ះពាល់ដល់ពេលវេលា និងការរៀបចំព័ត៌មានជាលម្អិត។
ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នា
អ្នកបកប្រែភាសាផ្ទាល់មាត់រង់ចាំអ្នកនិយាយផ្អាក មុនពេលបកប្រែនូវអ្វីដែលបាននិយាយ។ ទម្រង់នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងការណាត់ជួប ឬកិច្ចប្រជុំតូចៗ។ វគ្គនេះនឹងចំណាយពេលប្រហែលពីរដងយូរជាងកិច្ចសន្ទនាជាភាសាមួយ ដូច្នេះសូមផ្តល់ពេលវេលាបន្ថែមនៅក្នុងគម្រោងពេលរបស់អ្នក។
ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា (Simultaneous Interpreting)
អ្នកបកប្រែភាសាផ្ទាល់មាត់បកប្រែក្នុងពេលជាក់ស្តែង ជាធម្មតាប្រើឧបករណ៍ឯកទេសដូចជាកាស ឬបន្ទប់បកប្រែភាសាផ្ទាល់មាត់។ ទម្រង់នេះដំណើរការល្អបំផុតសម្រាប់កិច្ចប្រជុំធំៗ សន្និសីទ ឬការពិភាក្សាជាក្រុម ដែលអ្នកត្រូវការរក្សាលំហូរនៃការទំនាក់ទំនង។ ដោយសារតែវាជាការងារដែលទាមទារផ្លូវចិត្ត នេះត្រូវបានណែនាំឱ្យមានអ្នកបកប្រែភាសាផ្ទាល់មាត់យ៉ាងហោចណាស់ពីរនាក់ដែលអាចប្តូរវេនគ្នាដើម្បីរក្សាភាពត្រឹមត្រូវ និងជៀសវាងភាពអស់កម្លាំង។
នៅពេលកក់អ្នកបកប្រែភាសាផ្ទាល់មាត់ សូមបញ្ជាក់ថាទម្រង់មួយណានឹងត្រូវប្រើ ហើយធានាឱ្យមានឧបករណ៍សមស្របសម្រាប់ដំណើរការនៅនឹងកន្លែង។ ប្រសិនបើអ្នកមិនប្រាកដទេ អ្នកផ្តល់សេវាកម្មភាសា (language service provider) របស់អ្នក ឬអ្នកបកប្រែភាសាផ្ទាល់មាត់អាចផ្តល់ដំបូន្មានអំពីវិធីសាស្រ្តដ៏ល្អបំផុត។
ផ្ដល់ព័ត៍មានសង្ខេបដល់អ្នកបកប្រែភាសាផ្ទាល់មាត់
នៅពេលណាដែលអាចធ្វើទៅបាន សូមផ្តល់ព័ត៌មានសង្ខេបជាមុនដល់អ្នកបកប្រែភាសាផ្ទាល់មាត់។ ការផ្តល់ព័ត៌មានសង្ខេប គឺជាកន្លែងដែលអ្នកចែករំលែកគោលបំណងនៃកិច្ចប្រជុំ អ្នកណានឹងមានវត្តមាន និងព័ត៌មានលម្អិតសំខាន់ៗណាមួយដែលអ្នកបកប្រែភាសាផ្ទាល់មាត់គួរដឹង។ ឧទាហរណ៍ សូមប្រាប់អ្នកបកប្រែផ្ទាល់មាត់ឱ្យបានដឹងថាតើកិច្ចប្រជុំនេះនឹងមានលក្ខណៈរំជួលចិត្ត បច្ចេកទេស ឬរសើបឬអត់។ ការនេះជួយឱ្យពួកគេជ្រើសរើសតុងសម្លេង និងពាក្យបច្ចេកទេសត្រឹមត្រូវ។
រំលេចភាសាបច្ចេកទេស វាក្យសព្ទឯកទេស ឬគ្រាមភាសាជាក់លាក់ណាមួយ ដើម្បីឱ្យអ្នកបកប្រែភាសាផ្ទាល់មាត់អាចរៀបចំបកប្រែវាបានត្រឹមត្រូវ។ សូម្បីតែកិច្ចសន្ទនាខ្លីមួយមុនវគ្គប្រជុំក៏អាចជួយសន្សំពេលវេលា ជៀសវាងការយល់ច្រឡំ និងធានាបាននូវការទំនាក់ទំនងកាន់តែរលូន។
ចែករំលែកសម្ភារៈជាមុន
ប្រសិនបើអាចធ្វើទៅបាន សូមចែករំលែកសម្ភារៈពាក់ព័ន្ធ ឬរបៀបវារៈនៃកិច្ចប្រជុំជាមុន។ វិធីនេះជួយអ្នកបកប្រែផ្ទាល់មាត់រៀបចំវាក្យសព្ទ និងយល់ពីបរិបទ។ ព័ត៌មាន ឬឯកសារណាមួយដែលអ្នកផ្តល់ឱ្យ នឹងនៅតែជាឯកជន ពីព្រោះអ្នកបកប្រែភាសាផ្ទាល់មាត់ត្រូវបានចងភ្ជាប់ដោយក្រមសីលធម៌ដែលតម្រូវឱ្យមានការសម្ងាត់។
ប្រសិនបើអ្នកកំពុងចែករំលែកឯកសារជាមួយអតិថិជនរបស់អ្នក ក្នុងអំឡុងពេលកិច្ចប្រជុំដែលមិនមានជាភាសារបស់ពួកគេ សូមផ្តល់វាទៅអ្នកបកប្រែភាសាផ្ទាល់មាត់ (sight translation) មុនពេលវគ្គចាប់ផ្តើម។ ការនេះផ្តល់ឱកាសឱ្យពួកគេដើម្បីពិនិត្យឯកសារឡើងវិញ។ ក្នុងករណីខ្លះ ពួកគេប្រហែលជាអាចបកប្រែភាសាផ្ទាល់មាត់លើឯកសារជាលាយលក្ខណ៍អក្សរដែលបានមើលឃើញ។ នេះមានន័យថា ពួកគេនឹងអានឯកសារឱ្យឮខ្លាំង ទៅជាភាសាផ្សេងទៀត។
ណែនាំអ្នកបកប្រែភាសាផ្ទាល់មាត់
មុនពេលវគ្គចាប់ផ្តើម សូមណែនាំអ្នកបកប្រែភាសាផ្ទាល់មាត់ ហើយពន្យល់ពីតួនាទីរបស់ពួកគេទៅកាន់មនុស្សគ្រប់គ្នាដែលមានវត្តមាន។ អ្នកបកប្រែភាសាផ្ទាល់មាត់ជួយសម្រួលដល់ការទំនាក់ទំនងរវាងភាគីទាំងអស់ ដោយធានាថាអ្វីគ្រប់យ៉ាងដែលបាននិយាយជាភាសាមួយ ត្រូវបានផ្ដល់ព័ត៌មានយ៉ាងត្រឹមត្រូវជាភាសាមួយទៀត។ ពួកគេមិនបន្ថែម លុបចោល ឬផ្លាស់ប្តូរព័ត៌មានទេ ហើយពួកគេមិនផ្តល់យោបល់ ដំបូន្មាន ឬការពន្យល់ឡើយ។
អ្នកអាចចាប់ផ្តើមដោយសេចក្តីថ្លែងសាមញ្ញមួយដូចជា៖ “នេះគឺជាអ្នកបកប្រែភាសាផ្ទាល់មាត់របស់យើង ដែលនឹងជួយយើងទំនាក់ទំនងនៅថ្ងៃនេះ។ អ្វីៗគ្រប់យ៉ាងដែលយើងនិយាយនឹងត្រូវបានបកប្រែយ៉ាងត្រឹមត្រូវ និងសម្ងាត់”។
រម្លឹកអ្នកចូលរួមនានាថា អ្នកបកប្រែភាសាផ្ទាល់មាត់នឹងនិយាយក្នុងឋានៈមនុស្សទីមួយ (មានន័យថា “ខ្ញុំ”, “យើង”) ដើម្បីរក្សាលំហូរកិច្ចសន្ទនាតាមធម្មតា។ មនុស្សគ្រប់គ្នាគួរតែនិយាយដោយផ្ទាល់ទៅកាន់គ្នាទៅវិញទៅមក មិនមែនទៅកាន់អ្នកបកប្រែភាសាផ្ទាល់មាត់ទេ ហើយផ្តល់ពេលវេលាសម្រាប់ការបកប្រែភាសាផ្ទាល់មាត់។
ចំណុចសំខាន់ៗដែលត្រូវចងចាំ
- ផ្តល់ពេលវេលាបន្ថែមសម្រាប់វគ្គបកប្រែភាសាផ្ទាល់មាត់
- និយាយជាផ្នែកខ្លីៗ ហើយផ្អាកជាប្រចាំ
- រក្សាការទំនាក់ទំនងតាមភ្នែកជាមួយអតិថិជនរបស់អ្នក មិនមែនជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ទេ
- ប្រើភាសាដែលច្បាស់លាស់ និងសាមញ្ញ
- ជៀសវាងពាក្យមិនផ្លូវការ ពាក្យឬឃ្លាមានន័យមិនធម្មតា ឬការប្រៀបធៀបស្មុគស្មាញ
- សូមអត់ធ្មត់ ភាសាខ្លះត្រូវការពាក្យច្រើន ឬតិចជាងនេះដើម្បីបង្ហាញអត្ថន័យដូចគ្នា
ការយល់ដឹងថាអ្នកបកប្រែភាសាផ្ទាល់មាត់អនុវត្តតាមក្រមសីលធម៌ដែលតម្រូវឱ្យមានការសម្ងាត់ ភាពមិនលម្អៀង និងភាពត្រឹមត្រូវ ជួយកសាងទំនុកចិត្ត និងធានាការទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈពេញទូទាំងវគ្គ។
ធនធានបន្ថែម
សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ សូមចូលមើល៖
- សន្លឹកព័ត៌មាន AUSIT ស្តីពីការទំនាក់ទំនងតាមរយៈអ្នកបកប្រែភាសាផ្ទាល់មាត់
- សន្លឹកព័ត៌មាន AUSIT ស្តីពីការកក់ និងការផ្ដល់ព័ត៌មានសង្ខេបដល់អ្នកបកប្រែភាសាផ្ទាល់មាត់
- ការណែនាំរបស់ Language Loop ស្តីពីការផ្ដល់ព័ត៌មានសង្ខេបដល់អ្នកបកប្រែភាសាផ្ទាល់មាត់
- គន្លឹះសំខាន់ៗសម្រាប់ការប្រើប្រាស់អ្នកបកប្រែភាសាផ្ទាល់មាត់តាមពេលវេលាជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ និងក្រុមការផ្តោតការយកចិត្តទុកដាក់