ការជ្រើសរើសអ្នកផ្តល់សេវាកម្មភាសាជាបុគ្គល ឬអ្នកផ្តល់សេវាកម្មភាសា
នៅពេលអ្នកត្រូវការសេវាកម្មបកប្រែភាសាសរសេរ ឬបកប្រែភាសាផ្ទាល់មាត់ អ្នកអាចជ្រើសរើសរវាងអ្នកបកប្រែភាសាសរសេរ (translator) ឬអ្នកបកប្រែភាសាផ្ទាល់មាត់ (interpreter) ជាបុគ្គល និងអ្នកផ្តល់សេវាកម្មភាសា (language service provider, LSP)។
1. កំណត់តម្រូវការរបស់អ្នក
- កំណត់ប្រភេទសេវាកម្មដែលអ្នកត្រូវការ – ការបកប្រែភាសាសរសេរ ការបកប្រែភាសាផ្ទាល់មាត់ ឬទាំងពីរ
- បញ្ជាក់ភាសា និងភាសានិយាយតាមតំបន់ស្រុកភូមិដែលត្រូវការ
- ពិចារណាថាតើអ្នកត្រូវការនរណាម្នាក់ដែលមានជំនាញខាងប្រធានបទដែរឬទេ
- កំណត់ថាតើគម្រោងនេះធ្វើឡើងតែម្តងគត់ ឬកំពុងបន្តដំណើរការ និងថ្ងៃផុតកំណត់ណាមួយ
| អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ជាបុគ្គល | LSPs |
|---|---|
| អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ផ្តល់ការទំនាក់ទំនងដោយផ្ទាល់ និងវិធីសាស្រ្តដែលបំពេញតាមតម្រូវការបុគ្គល។ ជារឿយៗ ពួកគេមានប្រសិទ្ធភាពចំណាយ និងអាចបត់បែនបាន ជាពិសេសសម្រាប់ភាសាដែលមិនទូទៅ ឬគម្រោងកាន់តែតូច។ | អ្នកផ្ដល់សេវាកម្មភាសា (LSPs) អាចដោះស្រាយគម្រោងធំៗដែលពាក់ព័ន្ធនឹងភាសាច្រើន ដូចជាសន្និសីទ ព្រឹត្តិការណ៍នានា ឬការងារបកប្រែភាសាសរសេរក្នុងបរិមាណច្រើន។ ពួកគេអាចចូលប្រើប្រាស់បច្ចេកវិទ្យា ឬឧបករណ៍បកប្រែភាសាសរសេរ ឬបកប្រែភាសាផ្ទាល់មាត់បានកាន់តែច្រើន។ |
2. ពិនិត្យមើលឯកសារបញ្ជាក់គុណវឌ្ឍិ (credentials) និងគុណភាព
ផ្ទៀងផ្ទាត់ថាអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ត្រូវបានបញ្ជាក់ថាត្រឹមត្រូវ (NAATI-certified) ដោយ NAATI ដោយប្រើឧបករណ៍ ‘ពិនិត្យមើលវិញ្ញាបនបត្រកម្ម NAATI’ នៅលើគេហទំព័រនេះ។ អ្នកក៏អាចសួរថាតើពួកគេជាសមាជិកនៃសមាគមវិជ្ជាជីវៈដូចជា AUSIT, ASLITA ឬ NZSTI ដែរឬទេ។ ត្រូវពិនិត្យមើលឯកសារយោងរបស់ពួកគេជានិច្ច។
សម្រាប់ LSP, ត្រូវប្រាកដថាពួកគេធ្វើការជាមួយអ្នកអនុវត្តវិជ្ជាជីវៈ ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI។ ប្រសិនបើអ្នកមានចម្ងល់ អ្នកអាចស្នើសុំ (Certified Practitioner Number, CPN) របស់អ្នកអនុវត្តវិជ្ជាជីវៈ (practitioner) ផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មរបស់ពួកគេនៅលើគេហទំព័រ NAATI។ សូមពិនិត្យមើលការវាយតម្លៃ និងឯកសារយោងនានានៅតាមអនឡាញ។ សួរអំពីដំណើរការត្រួតពិនិត្យគុណភាព និងបញ្ជាក់ពីភាពស៊ាំដឹងរបស់ពួកគេជាមួយនឹងព័ត៌មានលម្អិត និងវាក្យសព្ទផ្នែកវប្បធម៌ដែលពាក់ព័ន្ធ។
3. ប្រៀបធៀបថ្លៃចំណាយ និងគុណតម្លៃ
ទទួលបានសម្រង់តម្លៃជាច្រើនដើម្បីប្រៀបធៀបតម្លៃ។ សម្រាប់បុគ្គលនានា សូមបញ្ជាក់ថាមិនមានថ្លៃសេវាកម្មលាក់បាំងនានាដូចជាការគិតថ្លៃក្នុងពេលបន្ទាន់នោះទេ។ សម្រាប់ LSP សូមពិចារណាពីគុណតម្លៃនៃការគ្រប់គ្រងគម្រោង ការធានាគុណភាព និងការគាំទ្របច្ចេកវិទ្យា។
តើត្រូវការការបកប្រែឯកសារផ្លូវការដែលមានការបញ្ជាក់ត្រឹមត្រូវ (certified translation) ឬទេ?
ប្រសិនបើអ្នកត្រូវការបកប្រែឯកសារផ្លូវការ ដូចជាសំបុត្រកំណើត ឬប្រតិចារឹក សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី ជាទូទៅការបកប្រែនោះនឹងត្រូវបានបំពេញដោយអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI។ ប្រសិនបើអ្នកបានជ្រើសរើសទាក់ទិនជាមួយ LSP ត្រូវប្រាកដថាអ្នកបញ្ជាក់ថាអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ត្រូវតែបំពេញការបកប្រែនោះ។